
សេចក្តីសង្ខេប
• លោក Trump និងលោក Xi នឹងជួបពិភាក្សាគ្នានៅថ្ងៃទី 14–15 ខែឧសភា
• មេដឹកនាំទាំងពីរកំពុងស្វែងរកវិធីពន្យារកិច្ចព្រមព្រៀងផ្អាកសង្គ្រាមពាណិជ្ជកម្មដែលនៅមានភាពផុយស្រួយ
• លោក Trump ចង់ឲ្យលោក Xi ជួយបញ្ចប់សង្គ្រាមជាមួយអ៊ីរ៉ង់ ដែលមិនទទួលបានការគាំទ្រពីសាធារណជន
• អ្នកវិភាគនិយាយថា ការរំពឹងទុកទាបបង្ហាញពីបញ្ហា និងសម្ពាធដែលលោក Trump កំពុងប្រឈម
ប៉េកាំង — មួយឆ្នាំមុន ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានព្យាករណ៍ថា ការដំឡើងពន្ធគយយ៉ាងខ្លាំង នឹងធ្វើឲ្យប្រទេសចិន ដែលជាគូប្រជែងសេដ្ឋកិច្ចដ៏សំខាន់របស់អាមេរិក ត្រូវចុះចាញ់។
ប៉ុន្តែ សប្ដាហ៍នេះ លោកធ្វើដំណើរទៅកាន់ប្រទេសចិន ដោយគោលបំណងដើមរបស់លោកត្រូវបានបន្ថយដោយសារការសម្រេចរបស់តុលាការ។ ដូច្នេះ គោលដៅរបស់លោកនៅសល់តែការសម្រេចកិច្ចព្រមព្រៀងមួយចំនួនលើសណ្តែកសៀង សាច់គោ
និងយន្តហោះរបស់ក្រុមហ៊ុន Boeing ព្រមទាំងស្នើឲ្យប្រទេសចិនជួយដោះស្រាយសង្គ្រាមជាមួយអ៊ីរ៉ង់ ដែលមិនទទួលបានការគាំទ្រពីប្រជាជនអាមេរិក។
ការរំពឹងទុកមិនខ្ពស់សម្រាប់ជំនួបរវាងលោក Trump និងលោក Xi Jinping នៅថ្ងៃទី 14–15 ខែឧសភា ដែលជាជំនួបលើកដំបូងចាប់តាំងពីពួកគេបានផ្អាកសង្គ្រាមពាណិជ្ជកម្មដ៏តានតឹងកាលពីខែតុលា បង្ហាញថា វិធីសាស្ត្រដ៏រឹងមាំ និងឆ្លាតវៃរបស់លោក Trump មិនអាចនាំមកនូវអត្ថប្រយោជន៍ច្បាស់លាស់មុនការចរចានេះបានទេ តាមការវាយតម្លៃរបស់អ្នកវិភាគ។
លោក Alejandro Reyes សាស្ត្រាចារ្យដែលមានជំនាញផ្នែកនយោបាយការបរទេសរបស់ចិន នៅសាកលវិទ្យាល័យហុងកុង បាននិយាយថា៖ «លោក Trump ប្រហែលជាត្រូវការប្រទេសចិន ច្រើនជាងដែលប្រទេសចិនត្រូវការលោក។»
លោកបានបន្ថែមថា៖ «លោកត្រូវការជ័យជម្នះមួយផ្នែកនយោបាយការបរទេស។ ជ័យជម្នះដែលបង្ហាញថា
លោកកំពុងព្យាយាមធានាស្ថិរភាពក្នុងពិភពលោក ហើយថាលោកមិនមែនគ្រាន់តែបង្កការរំខានដល់នយោបាយពិភពលោកប៉ុណ្ណោះទេ។»
ចាប់តាំងពីជំនួបខ្លីចុងក្រោយរបស់ពួកគេនៅមូលដ្ឋានទ័ពអាកាសមួយក្នុងប្រទេសកូរ៉េខាងត្បូង ដែលនៅពេលនោះលោក Trump បានផ្អាកការដាក់ពន្ធគយខ្ពស់បីខ្ទង់(triple- digit)លើទំនិញចិន ហើយលោក Xi បានដកថយពីការកាត់ផ្គត់ផ្គង់ធាតុកម្រដ៏សំខាន់ (rare earths) ទៅកាន់ពិភពលោក ប្រទេសចិនបានពង្រឹងយ៉ាងស្ងប់ស្ងាត់នូវឧបករណ៍សម្ពាធសេដ្ឋកិច្ចរបស់ខ្លួន
ដែលមានគោលដៅដាក់សម្ពាធលើទីក្រុងវ៉ាស៊ីនតោន។
ក្នុងពេលជាមួយគ្នានេះ លោក Trump បានមមាញឹកក្នុងការតស៊ូប្រឆាំងនឹងសេចក្តីសម្រេចរបស់តុលាការអាមេរិក ដែលប្រឆាំងនឹងគោលនយោបាយពន្ធគយរបស់លោក និងការបន្តសង្គ្រាមជាមួយអ៊ីរ៉ង់ ដែលបានធ្វើឲ្យអត្រាការគាំទ្ររបស់លោកធ្លាក់ចុះ
មុនការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅខែវិច្ឆិកា។ ជំនួបនៅរដ្ឋធានីប៉េកាំងក្នុងសប្ដាហ៍នេះ នឹងមានលក្ខណៈអធិកអធមជាងមុន ដោយមេដឹកនាំទាំងពីរនឹងធ្វើកិច្ចប្រជុំកំពូលនៅសាលាមហាជន (Great Hall of the People) ទស្សនាប្រាសាទស្ថិតក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់ UNESCO គឺ Temple of Heaven ចូលរួមពិធីជប់លៀងផ្លូវរដ្ឋ និងទទួលទានតែ និងអាហារថ្ងៃត្រង់ជាមួយគ្នា។
ប៉ុន្តែ លទ្ធផលសេដ្ឋកិច្ចដែលគេរំពឹងទុកពីដំណើរទស្សនកិច្ចនេះ មានត្រឹមតែកិច្ចព្រមព្រៀងមួយចំនួន និងយន្តការសម្រាប់គ្រប់គ្រងពាណិជ្ជកម្មនៅពេលអនាគតប៉ុណ្ណោះ។ មន្ត្រីដែលចូលរួមរៀបចំជំនួបបាននិយាយថា នៅមិនទាន់ច្បាស់នៅឡើយថា
មេដឹកនាំទាំងពីរនឹងយល់ព្រមពន្យារកិច្ចព្រមព្រៀងផ្អាកសង្គ្រាមពាណិជ្ជកម្មរបស់ពួកគេដែរឬទេ។ លោក Trump នឹងមាននាយកប្រតិបត្តិ (CEO) របស់ក្រុមហ៊ុនធំៗជាច្រើនចូលរួមជាមួយ ដូចជា លោក Elon Musk នៃ Tesla និងលោក Tim
Cook នៃ Apple។ ទោះជាយ៉ាងណា គណៈប្រតិភូធុរកិច្ចលើកនេះ មានទំហំតូចជាងពេលដែលលោកបានទៅទស្សនាប៉េកាំងក្នុងឆ្នាំ 2017។ ក្រៅពីបញ្ហាពាណិជ្ជកម្ម លោក Trump បាននិយាយកាលពីថ្ងៃចន្ទថា លោកនឹងពិភាក្សាអំពីការលក់អាវុធទៅកាន់តៃវ៉ាន់ និងករណីរបស់ម្ចាស់ក្រុមហ៊ុនសារព័ត៌មាន Jimmy Lai ដែលកំពុងជាប់ឃុំ។
គ្រួសាររបស់ជនជាតិអាមេរិកពីរនាក់ ដែលត្រូវបានឃុំខ្លួននៅប្រទេសចិនអស់រយៈពេលជាងមួយទសវត្សរ៍ ក៏កំពុងស្នើសុំឲ្យលោក Trump ជួយទាមទារឲ្យពួកគេត្រូវបានដោះលែងផងដែរ។ លោក Trump បាននិយាយថា៖ «អស់រយៈពេលជាច្រើនឆ្នាំកន្លងមក
យើងត្រូវបានគេយកអត្ថប្រយោជន៍ពីរដ្ឋបាលប្រធានាធិបតីមុនៗ។ ប៉ុន្តែឥឡូវនេះ យើងកំពុងធ្វើបានល្អណាស់ជាមួយប្រទេសចិន។ ខ្ញុំគោរពលោក Xi យ៉ាងខ្លាំង ហើយខ្ញុំសង្ឃឹមថា លោកក៏គោរពខ្ញុំដូចគ្នា។»
សង្គ្រាមមួយ បន្ទាប់ពីសង្គ្រាមមួយទៀត បរិយាកាសនយោបាយ និងសេដ្ឋកិច្ចបានផ្លាស់ប្តូរយ៉ាងខ្លាំង ចាប់តាំងពីលោក Trump បានប្រកាសនៅលើបណ្តាញសង្គម Truth Social កាលពីខែមេសា ឆ្នាំ 2025 ថា ពន្ធគយរបស់លោកនឹងធ្វើឱ្យប្រទេសចិនយល់ថា «ថ្ងៃដែលចិនអាចយកអត្ថប្រយោជន៍ពីសហរដ្ឋអាមេរិក បានបញ្ចប់ហើយ»។ ការដាក់ពន្ធទាំងនោះបានជំរុញឱ្យទីក្រុងប៉េកាំងដាក់កម្រិតលើការនាំចេញធាតុកម្រ (Rare Earths) ដែលបានបង្ហាញយ៉ាងច្បាស់ពីការពឹងផ្អែករបស់ប្រទេសលោកខាងលិចលើវត្ថុធាតុសំខាន់ៗទាំងនេះ។
វត្ថុធាតុទាំងនេះមានសារៈសំខាន់ខ្លាំងសម្រាប់ការផលិតផលិតផលជាច្រើន ចាប់ពីរថយន្តអគ្គិសនី រហូតដល់អាវុធយោធា។
នៅទីបំផុត ស្ថានការណ៍នេះបាននាំឱ្យលោក Trump និងលោក Xi ឈានដល់កិច្ចព្រមព្រៀងផ្អាកជម្លោះពាណិជ្ជកម្មមួយ
ដែលនៅតែមានភាពផុយស្រួយ និងអាចផ្លាស់ប្តូរ ចាប់តាំងពីពេលនោះមក លោក Trump បានប្រឈមមុខនឹងជម្លោះជាច្រើនផ្សេងទៀត ដូចជា ការចាប់ខ្លួនមេដឹកនាំវេណេស៊ុយអេឡា ការគំរាមបញ្ចូល Greenland ដែលជាសមាជិករួមនៃអង្គការ NATO និងការធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់ ដែលបានធ្វើឱ្យមជ្ឈិមបូព៌ាចូលទៅក្នុងភាពចលាចល និងបង្កឱ្យមានវិបត្តិថាមពលសកល។
យោងតាមការស្ទង់មតិរបស់ Reuters/Ipsos កាលពីខែមុន មានជាង 60% នៃជនជាតិអាមេរិកមិនយល់ស្របនឹងសង្គ្រាមរបស់លោកជាមួយអ៊ីរ៉ង់។
ឥឡូវនេះ លោក Trump ចង់ឱ្យប្រទេសចិនជួយបញ្ចុះបញ្ចូលទីក្រុង Tehran ឱ្យធ្វើកិច្ចព្រមព្រៀងជាមួយទីក្រុងវ៉ាស៊ីនតោន
ដើម្បីបញ្ចប់ជម្លោះនេះ។ ប្រទេសចិននៅតែរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយអ៊ីរ៉ង់ ហើយជាអ្នកទិញប្រេងដ៏សំខាន់មួយរបស់អ៊ីរ៉ង់។ លោក Matt Pottinger ដែលធ្លាប់បម្រើការជាអនុទីប្រឹក្សាសន្តិសុខជាតិក្នុងអាណត្តិដំបូងរបស់លោក Trump បាននិយាយនៅវេទិកាមួយក្នុងទីក្រុងតៃប៉ិ៍ កាលពីសប្តាហ៍មុនថា ទោះបីចិនចង់ឃើញលទ្ធផលដែលធ្វើឱ្យអំណាចអាមេរិកចុះខ្សោយក៏ដោយ ចិនក៏មិនអាចគេចផុតពីផលប៉ះពាល់សេដ្ឋកិច្ចនៃជម្លោះអូសបន្លាយបានដែរ។
ប៉ុន្តែទីក្រុងប៉េកាំងនឹងចង់បានអ្វីមួយជាថ្នូរ ហើយប្រធានបទសំខាន់បំផុតក្នុងរបៀបវារៈរបស់លោក Xi គឺតៃវ៉ាន់ ដែលជាកោះមានរដ្ឋាភិបាលប្រជាធិបតេយ្យ ប៉ុន្តែត្រូវបានប្រទេសចិនអះអាងថាជាផ្នែកមួយរបស់ខ្លួន។ ខណៈដែលមនុស្សមួយចំនួនព្រួយបារម្ភថា កិច្ចព្រមព្រៀងណាមួយអាចធ្វើឱ្យចិនកាន់តែក្លាហានក្នុងការប្រើកម្លាំងលើតៃវ៉ាន់ សូម្បីតែការផ្លាស់ប្តូរពាក្យពេចន៍បន្តិចបន្តួចពីទីក្រុងវ៉ាស៊ីនតោន ក៏អាចបង្កការព្រួយបារម្ភយ៉ាងខ្លាំងអំពីការប្តេជ្ញាចិត្តរបស់អ្នកគាំទ្រសំខាន់បំផុតរបស់តៃប៉ិ៍
ហើយអាចប៉ះពាល់ដល់សម្ព័ន្ធមិត្តអាមេរិកផ្សេងៗទៀតនៅអាស៊ី។
លោក Wu Xinbo សាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Fudan ក្នុងទីក្រុងសៀងហៃ និងជាសមាជិកក្រុមប្រឹក្សាយោបល់នយោបាយរបស់ក្រសួងការបរទេសចិន បាននិយាយថា លោក Trump គួរតែបញ្ជាក់ឱ្យច្បាស់ថា លោក «នឹងមិនគាំទ្រឯករាជ្យភាពរបស់តៃវ៉ាន់ ឬចាត់វិធានការណាមួយដែលលើកទឹកចិត្តដល់របៀបវារៈនយោបាយបំបែកខ្លួនឡើយ»។
«បទឈប់បាញ់ត្រឹមតែផ្ទៃក្រៅ» ប្រទេសចិនក៏ចង់ឱ្យរដ្ឋបាលលោក Trump ប្តេជ្ញាថា នឹងមិនចាត់វិធានការពាណិជ្ជកម្មតបតវិញនៅពេលអនាគត ដូចជា ការរឹតបន្តឹងការនាំចេញបច្ចេកវិទ្យា ហើយក៏ចង់ឱ្យសហរដ្ឋអាមេរិកបន្ធូរឬដកវិធានការគ្រប់គ្រងដែលមានស្រាប់លើឧបករណ៍ផលិតឈីប និងឈីបមេម៉ូរីកម្រិតខ្ពស់ផងដែរ។ នេះបើយោងតាមប្រភពដែលបានទទួលព័ត៌មានអំពីការចរចា។
ចាប់តាំងពីខែតុលាឆ្នាំមុន ទីក្រុងប៉េកាំងបានពង្រីកឥទ្ធិពលសេដ្ឋកិច្ចរបស់ខ្លួនបន្ថែមទៀត ដូចជា ការអនុម័តច្បាប់ដើម្បីដាក់ទណ្ឌកម្មលើអង្គភាពបរទេសដែលផ្លាស់ប្តូរខ្សែសង្វាក់ផ្គត់ផ្គង់ចេញពីប្រទេសចិន និងការរឹតបន្តឹងប្រព័ន្ធអាជ្ញាប័ណ្ណសម្រាប់ការនាំចេញធាតុកម្រ (Rare Earths)។
|យោងតាមការស្ទង់មតិរបស់ Chicago Council on Global Affairs ដែលបានចេញផ្សាយកាលពីខែតុលា បច្ចុប្បន្នជនជាតិអាមេរិកភាគច្រើន (53%) គាំទ្រឱ្យសហរដ្ឋអាមេរិករក្សាកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងល្អជាមួយប្រទេសចិន កើនឡើងពី 40% ក្នុងឆ្នាំ 2024។ ដូច្នេះ ការរក្សាទំនាក់ទំនងឱ្យមានតុល្យភាព និងការពន្យារកិច្ចព្រមព្រៀងផ្អាកសង្គ្រាមពាណិជ្ជកម្ម អាចគ្រប់គ្រាន់សម្រាប់លោក Trump ក្នុងការប្រកាសថា លោកទទួលបាន «ជ័យជម្នះ» មួយ។
លោក Scott Kennedy នៃមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ (CSIS) នៅទីក្រុងវ៉ាស៊ីនតោន បាននិយាយថា
លទ្ធផលដែលទំនងបំផុត គឺជា «បទឈប់បាញ់ត្រឹមតែផ្ទៃក្រៅ» ដែលភាគច្រើនផ្តល់អត្ថប្រយោជន៍ដល់ប្រទេសចិន។
អត្ថបទដោយ៖ ហ៊ុន នេត្រា
Telegram: 078444061
ថ្ងៃខែឆ្នាំ៖ 12 ឧសភា 2026
ប្រភព៖ Reuters
Y.A.I Trading Co.,Ltd is registered in Cambodia with its registered office at Exchange Square, 14th Floor, Street 106, Sangkat Wat Phnom, Khan Daun Penh, Phnom Penh, Cambodia. Derivative Broker License No. 033
Phone: +855 99 777 495 | Email: [email protected]
CFDs are complex financial instruments traded on margin. Trading CFDs carries a high level of risk and may not be suitable for all investors. Please ensure that you understand the risks involved as you may lose all your invested capital. Past performance of CFDs is not a reliable indicator of future performance. Most CFDs have no set maturity date and a CFD position matures on the date an open position is closed. Please read our ‘Risk Disclosure Notice’. When trading CFDs with YAI, you are merely trading on the outcome of a financial instrument and therefore do not take delivery of any underlying instrument, nor are you entitled to any dividends payable or any other benefits related to the same.
Y.A.I Trading Co.,Ltd does not offer Contracts for Difference to residents out of Cambodia.
Copyright © 2022 yaitrading.com.kh. All rights reserved