ទិដ្ឋភាពសេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២៦៖ កំណើនយឺត ប៉ុន្តែសេដ្ឋកិច្ចនៅតែបង្ហាញភាពធន់

ថ្ងៃខែឆ្នាំ៖ ០៧​ តុលា ឆ្នាំ២០២៦

Cambodia 2026_ Slow Growth, Resilience
ខែតុលា ឆ្នាំ២០២៦

សេដ្ឋកិច្ចកម្ពុជាកំពុងឆ្លងកាត់បរិយាកាសដែលមានបញ្ហាប្រឈមកាន់តែច្រើនក្នុងឆ្នាំ២០២៦។ កំណើនសេដ្ឋកិច្ចបានថយល្បឿន ដោយសារការរួមបញ្ចូលគ្នានៃថ្លៃថាមពលខ្ពស់ ភាពទន់ខ្សោយនៃវិស័យអចលនទ្រព្យ ការថយចុះនៃប្រាក់ផ្ញើពីក្រៅប្រទេស ភាពមិនប្រាកដប្រជានៃពាណិជ្ជកម្ម និងសម្ពាធលើតម្រូវការក្នុងស្រុក។

ទោះជាយ៉ាងណា កម្ពុជានៅតែមានកត្តាគាំទ្រសំខាន់ៗ ដូចជា ការនាំចេញ ការវិនិយោគផ្ទាល់ពីបរទេស (FDI) វិស័យផលិតកម្ម និងទុនបម្រុងអន្តរជាតិ ដែលជួយឱ្យសេដ្ឋកិច្ចបន្តបង្ហាញភាពធន់។

📊 កំណើនសេដ្ឋកិច្ច៖ ឆ្នាំ២០២៦ មានល្បឿនយឺតជាងមុន

យោងតាមការព្យាករណ៍ចុងក្រោយរបស់ Asian Development Bank (ADB) ក្នុងខែកញ្ញា ឆ្នាំ២០២៦ សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថានឹងកើនប្រមាណ ៣.៩% ក្នុងឆ្នាំ២០២៦ និង ៤.៧% ក្នុងឆ្នាំ២០២៧។

ADB ក៏ព្យាករណ៍ថា អតិផរណានៅកម្ពុជានឹងស្ថិតនៅប្រមាណ ៤.៧% ក្នុងឆ្នាំ២០២៦ មុននឹងថយមកប្រមាណ ២.៨% ក្នុងឆ្នាំ២០២៧។

🔗 ប្រភពផ្លូវការ៖ Asian Development Bank – ទស្សនវិស័យសេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២៦

🏭 ការនាំចេញនៅតែជាកម្លាំងសំខាន់

ទោះបីសេដ្ឋកិច្ចក្នុងស្រុកប្រឈមសម្ពាធក៏ដោយ ការនាំចេញរបស់កម្ពុជានៅតែបង្ហាញភាពរឹងមាំ។

របាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជារបស់ធនាគារពិភពលោក - ខែមិថុនា ឆ្នាំ២០២៦ ការនាំចេញទំនិញរបស់កម្ពុជាបានកើនឡើងប្រមាណ ១៧.៧% ក្នុងត្រីមាសទី១ ឆ្នាំ២០២៦។

ក្រៅពីវិស័យប្រពៃណីដូចជា សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ កម្ពុជាកំពុងមានឱកាសបន្តពង្រីកទៅកាន់ផលិតកម្មដែលមានតម្លៃបន្ថែមខ្ពស់ជាងមុន។

ការធ្វើពិពិធកម្មផលិតកម្ម និងទីផ្សារនាំចេញនឹងក្លាយជាកត្តាសំខាន់សម្រាប់កាត់បន្ថយភាពងាយរងគ្រោះពីការប្រែប្រួលសេដ្ឋកិច្ចពិភពលោក។

🔗 ប្រភពផ្លូវការ៖ World Bank – របាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២៦

💰 FDI នៅតែជាកម្លាំងគាំទ្រសេដ្ឋកិច្ច

ការវិនិយោគផ្ទាល់ពីបរទេសនៅតែមានសារៈសំខាន់ខ្លាំងសម្រាប់កំណើន និងការបង្កើតការងារ។

World Bank រាយការណ៍ថា FDI បានឈានដល់ប្រមាណ ៥.១ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០២៥ ហើយបានជួយបង្កើតការងារផ្លូវការប្រមាណ ៤០០,០០០ ការងារ។

សម្រាប់ដំណាក់កាលបន្ទាប់ កម្ពុជាមិនគួរផ្តោតត្រឹមតែការទាក់ទាញ «ទុនវិនិយោគឱ្យបានច្រើន» ប៉ុណ្ណោះទេ ប៉ុន្តែត្រូវបង្កើនសមត្ថភាពទាក់ទាញ ការវិនិយោគដែលមានគុណភាពខ្ពស់ ដែលអាចបង្កើតការងារជំនាញ ផ្ទេរបច្ចេកវិទ្យា និងបង្កើនផលិតភាព។

🔗 ប្រភពផ្លូវការ៖ World Bank – របាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២៦

🏠 អចលនទ្រព្យ និងសំណង់នៅតែស្ថិតក្រោមសម្ពាធ

ភាពទន់ខ្សោយនៃវិស័យអចលនទ្រព្យនៅតែជាបញ្ហាប្រឈមសំខាន់សម្រាប់សេដ្ឋកិច្ចកម្ពុជា។

ភាពកំសោយនៃសកម្មភាពសំណង់ និងអចលនទ្រព្យអាចបន្តបង្កើតផលប៉ះពាល់ ឬ ជះឥទ្ធិពលបន្តបន្ទាប់ទៅលើ អ្នកអភិវឌ្ឍន៍ ( Developer ),អ្នកម៉ៅការសាងសង់ ( Contractor ), អ្នកផ្គត់ផ្គង់សម្ភារ ( Supplier ), អ្នកទិញអចលនទ្រព្យ និងប្រព័ន្ធហិរញ្ញវត្ថុ។

International Monetary Fund «មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)» ក៏បានចាត់ទុកភាពទន់ខ្សោយនៃអចលនទ្រព្យ និងការធ្លាក់ចុះនៃគុណភាពទ្រព្យសកម្មក្នុងវិស័យហិរញ្ញវត្ថុ ជាហានិភ័យសំខាន់ដែលកម្ពុជាត្រូវតាមដាន។

🔗 ប្រភពផ្លូវការ៖ IMF – ការពិគ្រោះយោបល់តាមមាត្រា IV ជាមួយកម្ពុជា ឆ្នាំ២០២៦

🏦 វិស័យធនាគារ៖ Financial Stability ត្រូវការការតាមដាន

វិស័យធនាគារនៅតែមានតួនាទីសំខាន់ក្នុងការគាំទ្រអាជីវកម្ម និងសេដ្ឋកិច្ចកម្ពុជា ប៉ុន្តែការធ្លាក់ចុះនៃគុណភាពឥណទានបានក្លាយជាបញ្ហាដែលត្រូវយកចិត្តទុកដាក់។

IMF បានផ្តល់អាទិភាពដល់ការរក្សាស្ថិរភាពហិរញ្ញវត្ថុ រួមមានការទទួលស្គាល់ការខាតបង់ឱ្យបានទាន់ពេល ការរក្សាសំវិធានធនគ្រប់គ្រាន់ និងការពង្រឹងប្រព័ន្ធគ្រប់គ្រងវិបត្តិរបស់វិស័យធនាគារ។

នេះមិនមានន័យថាកម្ពុជាកំពុងស្ថិតក្នុងវិបត្តិធនាគារនោះទេ ប៉ុន្តែបង្ហាញថា គុណភាពទ្រព្យសកម្ម(Asset Quality), សាច់ប្រាក់ងាយស្រួល (Liquidity), ទុន (Capital) និងការគ្រប់គ្រងហានិភ័យ  (Risk Management) គឺជាចំណុចដែលត្រូវតាមដានយ៉ាងយកចិត្តទុកដាក់។

🔗 ប្រភពផ្លូវការ៖ IMF – ការពិគ្រោះយោបល់តាមមាត្រា IV ជាមួយកម្ពុជា ឆ្នាំ២០២៦

📈 អតិផរណា និងថ្លៃថាមពល

ថ្លៃថាមពលបានក្លាយជាបញ្ហាសំខាន់មួយសម្រាប់សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៦។

World Bank រាយការណ៍ថា អតិផរណាបានកើនដល់ ៥.៨% ក្នុងខែមេសា ឆ្នាំ២០២៦ ខណៈការកើនឡើងនៃតម្លៃប្រេងបានបង្កើនថ្លៃដឹកជញ្ជូន និងថ្លៃផលិតកម្មសម្រាប់អាជីវកម្ម។

ផលប៉ះពាល់អាចបញ្ជូនតាមខ្សែសង្វាក់។

ចំពោះសហគ្រាសធុនតូច និងមធ្យម ដែលមានសមាមាត្រចំណេញទាបរួចជាស្រេច ការកើនឡើងនូវចំណាយថ្លៃដើម អាចបង្កើតជាសម្ពាធបន្ថែមលើលំហូរសាច់ប្រាក់ និងប្រាក់ចំណេញរបស់អាជីវកម្ម។

🔗 ប្រភពផ្លូវការ៖ World Bank – របាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២៦ 

✈️ទេសចរណ៍ និងតម្រូវការក្នុងស្រុក

IMF បានកត់សម្គាល់ថា ទេសចរណ៍ខ្សោយ ប្រាក់ផ្ញើពីក្រៅប្រទេសថយចុះ និងតម្រូវការក្នុងស្រុកទាប កំពុងដាក់សម្ពាធលើសកម្មភាពសេដ្ឋកិច្ច។

សម្រាប់វិស័យទេសចរណ៍ កម្ពុជាគួរផ្តោតមិនត្រឹមតែលើការបង្កើនចំនួនភ្ញៀវទេសចរប៉ុណ្ណោះទេ ប៉ុន្តែគួរផ្តោតលើ៖

ចំនួនភ្ញៀវ ការចំណាយក្នុងមនុស្សម្នាក់ រយៈពេលស្នាក់នៅ គុណភាពសេវាកម្ម ការភ្ជាប់ចំណូលទៅអាជីវកម្មក្នុងស្រុក។

🔗 ប្រភពផ្លូវការ៖ IMF – ការពិគ្រោះយោបល់តាមមាត្រា IV ជាមួយកម្ពុជា ឆ្នាំ២០២៦

💵 ទុនបម្រុងអន្តរជាតិនៅតែជាខ្នើយការពារ

ទោះប្រឈមនឹងបញ្ហាជាច្រើន IMF បានវាយតម្លៃថា កម្ពុជានៅតែមាន ទុនបម្រុងខាងក្រៅ សំខាន់ៗ។

ទុនបម្រុងអន្តរជាតិមានប្រមាណស្មើនឹង ៨ ខែនៃការនាំចូល ខណៈប្រាក់រៀលនៅតែមានស្ថិរភាពជាទូទៅក្នុងសេដ្ឋកិច្ចដែលមានការប្រើប្រាស់ប្រាក់ដុល្លារខ្ពស់។

ទោះជាយ៉ាងណាក៏ដោយ ការកើនឡើងនៃថ្លៃថាមពល កើនឡើងនៃការនាំចូល និងការថយចុះនៃប្រាក់បបញ្ជូន/ប្រាក់ផ្ញើពីក្រៅប្រទេស អាចបង្កើតសម្ពាធបន្ថែមលើជញ្ជីងទូទាត់ខាងក្រៅ (External Balance)។

🔗 ប្រភពផ្លូវការ៖ IMF – ការពិគ្រោះយោបល់តាមមាត្រា IV ជាមួយកម្ពុជា ឆ្នាំ២០២៦

⚠️ ហានិភ័យសំខាន់ៗដែលកម្ពុជាត្រូវតាមដាន

តម្លៃប្រេង និងថាមពលសកល — ការកើនឡើងនៃថ្លៃថាមពល អាចជំរុញឲ្យមានកំណើនអតិផរណា និងបង្កើនចំណាយថ្លៃដើមអាជីវកម្ម។

ទំនាក់ទំនងពាណិជ្ជកម្ម អាមេរិក-ចិន — ប្រទេសកម្ពុជាអាចទទួលបានផលប្រយោជន៍ពីការបង្វែរទិសដៅខ្សែច្រវាក់ផ្គត់ផ្គង់ ប៉ុន្តែត្រូវប្រុងប្រយ័ត្ន និងគោរពតាមវិធានដើមកំណើតទំនិញ ព្រមទាំងកាតព្វកិច្ចអនុលោមភាពពាណិជ្ជកម្មអន្តរជាតិ។

នយោបាយរូបិយវត្ថុនៃធនាគារកណ្តាលអាមេរិក (US Federal Reserve) — ការរក្សាអត្រាការប្រាក់ខ្ពស់របស់សហរដ្ឋអាមេរិក អាចបង្កើនថ្លៃដើមប្រភពដើមទុនជាប្រាក់ដុល្លារ និងជះឥទ្ធិពលអវិជ្ជមានដល់លំហូរវិនិយោគអន្តរជាតិ។

វិស័យអចលនទ្រព្យ និងធនាគារ — ភាពកំសោយក្នុងវិស័យអចលនទ្រព្យ អាចបង្កើតសម្ពាធបន្ថែមលើគុណភាពឥណទាន (Credit Quality)។

វិស័យទេសចរណ៍ និងតម្រូវការសកល — ការធ្លាក់ចុះនៃតម្រូវការសកល អាចជះឥទ្ធិពលអវិជ្ជមានដល់ការនាំចេញ វិស័យទេសចរណ៍ និងឱកាសការងារ។

🚀 តើឱកាសសម្រាប់កម្ពុជាស្ថិតនៅត្រង់ណា?

ទោះកំណើនសេដ្ឋកិច្ចយឺត កម្ពុជានៅតែមានឱកាសសំខាន់ៗក្នុង៖

ការធ្វើពហុវិធកម្មវិស័យកែច្នៃ/កម្មន្តសាល • ការកែច្នៃផលិតផលកសិកម្ម • សេដ្ឋកិច្ចឌីជីថល • ភស្តុភារកម្ម (Logistics) • ថាមពលកកើតឡើងវិញ • បច្ចេកវិទ្យា • សេវាកម្មហិរញ្ញវត្ថុ • ទេសចរណ៍គុណភាពខ្ពស់ • ការអភិវឌ្ឍដើមទុនមនុស្ស និងជំនាញ

ការផ្លាស់ប្តូរខ្សែសង្វាក់ផ្គត់ផ្គង់នៅអាស៊ីអាចផ្តល់ឱកាសថ្មីសម្រាប់កម្ពុជាក្នុងការទាក់ទាញរោងចក្រ និងការវិនិយោគ។

ប៉ុន្តែការចាប់យកឱកាសនេះនឹងពឹងផ្អែកលើ ផលិតភាព កម្លាំងពលកម្មជំនាញ ហេដ្ឋារចនាសម្ព័ន្ធ បរិយាកាសធុរកិច្ច ភាពច្បាស់លាស់នៃបទប្បញ្ញត្តិ និងការអនុលោមតាមស្តង់ដារពាណិជ្ជកម្មអន្តរជាតិ។

ថ្ងៃខែឆ្នាំ៖ ០៧​ តុលា ឆ្នាំ២០២៦
អត្ថបទដោយ៖ Dr. Bora Kea
Email: [email protected]
Telegram: https://t.me/drkeabora